គុណព្រះ

Rath Meavleng

Rath Meavleng

កូនសូមគោរពអរគុណពុកម៉ែ !

តាមព្រះពុទ្ធដីកា មាតាបិតាមានឈ្មោះ៤យ៉ាង

  1. –ជា “ព្រះព្រហ្ម” របស់កូន
  2. –ជា “បុព្វទេវតា” របស់កូន
  3. –ជា “បុព្វាចារ្យ” របស់កូន
  4. –ជា “អាហុនេយ្យបុគ្គល” របស់កូន

តាម​ទស្សនៈ​របស់​ព្រះពុទ្ធ​ លោក​ឱ្យតម្លៃ​ទៅលើ​គុណ​មាតាបិតា​ស្មើគ្នា ដោយ​គុណនេះ​មិនអាច​រាប់បាន​ឡើយ ហើយ​ផ្អែក​ទៅលើ​គុណ​ធម៌៤យ៉ាង​ដែល​រួមមាន៖

អន្ដ​គុណៈ គុណ​ក្រៃលែង
អប្បរិមាណ​គុណៈ គុណរាប់​មិនអស់ រាប់​មិនបាន
អសម​គុណៈ គុណ​ដែលគ្មាន​អ្វីដែល​ស្មើបាន
អនេកប្ប​គុណៈ គុណដែល​ខ្ពង់ខ្ពស់​ដ៏វិសេសវិសាល​ក្រៃលែង។

សង្គហធម៌របស់​មាតាបិតា

មាតាបិតា​សង្គ្រោះ​បុត្រធីតា​ដោយ​ធម៌ ៥ យ៉ាងគឺ៖

១- បាបា និវារេន្តិ មាតាបិតា តែងតែហាម​ប្រាម​កូន​ឲ្យ​វៀរចាក​អំពើ​បាប​ទាំង​ឡាយ​ទាំង​ពួក​ដែល​សង្គម​ស្អប់ខ្ពើម ពោល​គឺវៀរចាក​ការ​សម្លាប់សត្វ បៀតបៀន​ព្យាបាទ​អ្នក​ដទៃ លួចឆក់ប្លន់​ កេងប្រវ័ញ្ចទ្រព្យ​សម្បត្តិ​អ្នក​ដទៃ​ការប្រព្រឹត្តិ​ល្មើស​រំលោភ​ប្រពៃណី លើប្រពន្ធកូន​អ្នក​ដទៃ ការ​និយាយកុហក ឆបោក​អ្នកដទៃ ព្រមទាំង​វៀរចាក​ការ​សេពគ្រឿងស្រវឹង ឬ គ្រឿងញៀន​ផ្សេងៗ មាន អាភៀន យ៉ាម៉ា មួយអន្លើ​ដោយល្បែងពាលា អាវាសែគ្រប់ប្រភេទ ដែលនាំមកនូវ​សេចក្ដីវិនាសអន្តរាយ​ដល់​ខ្លួន និង សង្គម​ជាតិ។

២- កល្យាណេ និវេសេន្តិ មាតាបិតា តែង​តែ​ដឹងនាំ​កូនឲ្យ​ធ្វើអំពើ​បុណ្យ​កុសល អំពើ​សុចរិត​យុត្តិធម៌ ដូចជាការ​ធ្វើទាន រក្សាសីល ការចេះគោរព​ម្ដាយឪពុក ព្រះសង្ឃ ចាស់ទុំ ឧត្ដមព្រឹទ្ធាចារ្យ ត្រកូលរៀមច្បង​ជាដើម។

៣- សិប្បំ សិក្ខាបេន្តិ កាល​បើកូនមានវ័យ​ល្មម​នឹង​សម​នឹង​សិក្សា ឪពុកម្ដាយ តែងតែ​ខ្នះខ្នែង​បញ្ជូន​កូន​ឲ្យ​ទៅរៀន​សូត្រ​តាម​សាលានានា និង ជួយ​ជំរុញ​លើក​ទឹកចិត្ត​ឲ្យ​កូន​ស្រឡាញ់​ពេញ​ចិត្តចំពោះ​ការសិក្សា ទាំង​ផ្នែក​ពុទ្ធចក្រ និង អាណាចក្រ ជាពិសេស មុខវិជ្ជា​ដែល​សង្គម​ត្រូវ​ការ​នា​បច្ចុប្បន្ន​នេះ។ មិនតែប៉ុណ្ណោះ​គាត់​ថែម​ទាំង​ពន្យល់​អំពីផលវិបាក​នៃភាពល្ងង់ខ្លៅ ដែលជាមាគ៌ា​មួយឈាន​ទៅរក​ឱនភាព ភាពថោកទាប មិនអាច​ថែរក្សា ឬ លើកស្ទួយ​ជីវភាពគ្រួសារ ឲ្យរុងរឿង​ថ្កុំថ្កើង​បាន​ឡើយ។ មានតែចំណេះ​ចេះ​ដឹង​ប៉ុណ្ណោះ ដែល​ឲ្យ​ធ្វើ​យើង​មានកិត្តិយស​ថ្លៃថ្លា មានគេគោរព​រាប់អាន និង អាច​ជួយ​លើកស្ទួយ​វង្ស​ត្រកូល​ ជាតិ សាសនា ឲ្យបានរុងរឿង ចំរើនជា​ភិយ្យោភាព។

៤- បដិរូបេន ទារេន សញ្ញោជេន្តិ មាតាបិតា កាលបើ​ដឹង​ថា កូនរបស់​ខ្លួន​ចំរើន​វ័យ​ធំល្មម​មានគូស្រករ​ហើយ គាត់​តែង​តែ​រៀប​ចំ​ទុកដាក់​កូន​ចៅ​ឲ្យ​មាន​ភរិយា ស្វាមី ទៅតាម​សមត្ថភាព ធនធាន​ពូជពង្ស​វង្សត្រកូល និង តាមប្រពៃណី​របស់​ខ្លួន។

៥- សមយេ ទាយំជ្ជំ និយ្យាទេន្តិ មាតាបិតា តែងចែក​ចាយទ្រព្យ​សម្បត្តិ​កេរមត៌ក របស់​ខ្លួន​តាម​សម័យ​កាល គឺ​ ចែក​ឲ្យ​កូនជានិច្ច និង ជារឿយៗ​មិនដែល​ខាន។ កាល​សម័យ គឺ មាតាបិតា ចែកទ្រព្យ​ឲ្យកូន​តាមកាល នៅ​ពេល​ដែល​កូន​បែក​មានក្រុម​គ្រួសារ​ហើយ។

សូមចាំជាក់​ក្នុង​ចិត្ត​ថា មាតាបិតា ជាអ្នក​មានព្រហ្មវិហារធម៌ ៤ និង សង្គហធម៌ ៥ ចំពោះ​បុត្រធីតាគ្រប់រូប ព្រោះថាលោក​ទាំងទ្វេ​បាន​ចិញ្ចឹមបីបាច់​ថែរក្សា ជាអ្នក​មានឧបការគុណ​ដ៏ធំធេង ពុំ​អាច​គណនា​បានឡើយ គឺមានអនន្តគុណ គុណធ្ងន់​ដ៏ក្រៃលែង អនេកប្បគុណ គុណ​ច្រើនរាប់​មិនអស់ អសមគុណ គុណប្រៀបស្មើពុំបាន អប្បមាណគុណ គុណប្រមាណ​មិនបាន។

ដកស្រង់ចេញពីសៀវភៅ អមិសទាននិងធម្មទាន
រៀប​រៀង​ដោយ ឈុន គឹមអៀត

តួនាទី​បុត្រាបុត្រី​ចំពោះ​មាតាបិតា

បុត្រាបុត្រី​ក៏ត្រូវ​បំពេញ​តួនាទី​ជូនអ្នក​មានគុណ​ឱ្យ​អស់ពី​ចិត្ដ ដូចដែល​មាតាបិតា​បំពេញ​តួនាទីចំពោះ​បុត្រ​ដូចគ្នា​ដែរ។ ការ​បំពេញ​តួនាទីនេះ​ក៏មាន​៥យ៉ាង​ដែរដូចជា ៖

1 . ចិញ្ចឹម​មាតាបិតា ៖ នៅពេល​ដែល​មាតាបិតា​មិនមាន​កម្លាំង​នៅក្នុង​ការ​រកប្រាក់​កម្រៃបាន បុត្រាបុត្រី​ត្រូវតែ​រកស៊ី​ចិញ្ចឹម លោក​ទាំងពីរ​ឱ្យដូចជា​លោក​ទាំងពីរ​ចិញ្ចឹម​បុត្រ​វិញដែល។

2 . ត្រូវ​ទំនុក​បម្រុង ៖ បុត្រាបុត្រី​គ្រប់រូប​ត្រូវតែ​ជួយ​ទំនុក​បម្រុង​ចំពោះ​មាតាបិតា​វិញ ទាំង​ចំណីអាហារ សម្លៀក​បំពាក់ ថវិកា និង​របស់​របរ​ប្រើប្រាស់​ជាច្រើន​ផ្សេងៗ​ទៀត ដោយ​មិន​ចាំបាច់​ឱ្យមាតាបិតា​ទាមទារ​នោះទេ ទោះតិច​ក្ដីច្រើន​ក្ដីត្រូវ​តែមាន​រហូត មិនត្រូវ​ឱ្យខ្វះ​ឡើយ។

3 . មិនត្រូវ​ធ្វើឱ្យ​មាតាបិតា​ស្រក់​ទឹកភ្នែក ៖ បុត្រាបុត្រី​មិនត្រូវ​ធ្វើឱ្យ​មាតាបិតា​ពិបាកចិត្ដ មាន​ទុក្ខទោស​និង​ស្រក់ទឹកភ្នែក​នោះទេ។ មាតាបិតា​គ្រប់រូប​រមែង​ចង់ឃើញ​បុត្រ​ប្រព្រឹត្ដ​តែអំពើ​ល្អថ្លៃថ្នូរ​ជានិច្ច។

4 . ត្រូវចេះ​ណែនាំ ៖ មិនមែន​ឱ្យ​បុត្រាបុត្រី​ស្ដី​ប្រដៅ​លោកអ្នក​មាន​គុណ​នោះទេ គឺត្រូវ​ចេះណែនាំ​លោកអ្នក​មាន​គុណឱ្យ​ទៅវត្ដ​សុំសីល​ទានរៀន​ធម៌​ដើម្បី​ជាផ្លូវ​ទៅកាន់​បរលោក​ខាងមុខ ដែល​ជាផ្លូវ​ព្រះនិព្វាន។

5 . ធ្វើបុណ្យ​ជាមួយ​មាតាបិតា ៖ ពាក្យ​ចាស់​លោក​ពោលថា “ធ្វើបុណ្យ​ឱ្យទាន់​ខែភ្លឺ” នេះគឺ​ជាអត្ថន័យ​មួយដែល​រំលឹក​ចំពោះ បុត្រ​គ្រប់រូប​ឱ្យចេះ​សង់គុណ គោរព ស្រឡាញ់ ឱ្យ​តម្លៃ និង​ផ្គត់ផ្គង់​មាតាបិតា​ពេល​លោកអ្នក​មានគុណ​នៅមាន​ជីវិត។ មិនត្រូវ​គិតថា ចាំ​មាតាបិតា​លា​ចាកឋាន​ចាំធ្វើ​បុណ្យ​ឱ្យ​នោះទេ។ ចំណែក​ឯការ​ធ្វើបុណ្យ​នៅពេល​លោកអ្នក​មានគុណ​លា​ចាកឋាន​ទៅ គឺជា​ពេលក្រោយ​នោះទេ ប៉ុន្ដែ​ដាច់ខាត​ក៏មិន​ត្រូវ​បោះបង់​ចោល​នោះដែរ។

បុត្រាបុត្រី​ណាដែល​បាន​ប្រតិបត្ដិ​ចំពោះ​មាតាបិតា​បានល្អ​បុត្រនោះ​នឹង​ទទួលបាន​សេចក្ដីសុខ ទទួល​បាន​ពរជ័យ​ពី​មាតាបិតា ជាក់ជា​មិនខាន។

ដំបូន្មាន​អ្នក​ជំនាញ

មាតាបិតា​គឺជា​បុគ្គល​ដ៏អស្ចារ្យ ដូចដែល​ព្រះពុទ្ធ​អង្គ​មានពុទ្ធិកា​ថា មាតាបិតា​គឺជា​ទេវតា​ខាងដើម មាតាបិតា​គឺជា​ព្រះកន្លោង មាតាបិតា​ជាព្រះ​រស់​ដែល​នៅក្នុង​ផ្ទះ មាតាបិតា​ជាអ្នក​ដែលបង្ហាត់​​បង្រៀន​បុត្រ​ឱ្យចេះ​និយាយ ចេះសើច ចេះ​ទទួលទាន​បាយ​ជាដើម។ ចំពោះ​បុត្រត្រូវ​ប្រព្រឹត្ដ​តែអំពើ​ល្អ ត្រូវធ្វើ​ឱ្យ​មាតាបិតា​សប្បាយ​ចិត្ដ ឱ្យ​មាតាបិតា​រស់នៅ​ក្នុង​ជីវភាព​សមរម្យ ធ្វើឱ្យ​មាតាបិតា​ខ្ពស់​មុខមាត់ មិនត្រូ​ធ្វើឱ្យ​លោក​ពិបាកចិត្ដ​កើតទុក្ខ​ដោយសារ​បុត្រ​នោះទេ។

ប្រភពៈ ទស្សនាវដ្តី សុខភាពយើង លេខ៥២ ខែឧសភា ឆ្នាំ២០១០

Advertisements
Comments
4 Responses to “គុណព្រះ”
  1. Ben says:

    ចុះមាតាបីតាដែលធ្វើបាប​ មិនមើលថែរក្សា​ ប្រើអំពើឃោរឃៅ​ទៅលើបុត្ររបស់ខ្លួន​ តើពួកគាត់នៅជាអ្នកមានគុណដែរឬទេ?

    • ខ្ញុំគិតថាអ្នកដឹងចម្លើយខ្លួនឯងហើយ​ ខ្ញុំមិនបាច់ឆ្លើយទេ​ អ្វីដែលខ្ញុំនិយាយក្នុងទីនេះសំដៅទៅលោកឪពុក​ និងអ្នកម្តាយរបស់ខ្ញុំផ្ទាល់​ អ្នកទាំងពីរជាអ្នកមានគុណ​ និងជាបុគ្គលជាទីគោរព​ និងជាទីស្រឡាញ់បស់ខ្ញុំ។

      • Ben says:

        អូ​! ខ្ញុំស្មានតែនិយាយជាទូទៅ​។ តែយ៉ាងណាក្តីខ្ញុំសូមសរសើដោយចិត្តស្មោះដែលអ្នកបានយល់ដឹងច្រើនពីធម៌​ សាសនា​ ហើយបានចងក្រងអត្ថបទនេះឡើងក្នុងការចែកចាយចំណេះដឹងរបស់អ្នក។ អរគុណ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: