ព្រះពោធិសត្វ និង​ពោធិចិត្ត

រូបគំនូរព្រះពុទ្ធកាលនៅជាកុមារភាព ទ្រង់គង់ធ្វើសមាធិពេលព្រះបីតារបស់ព្រះអង្គកំពុងធ្វើពិធីច្រត់ព្រះនង្គ័ល ចំណែកអត្ថបទខាងក្រោមដកស្រង់ចេញពីសៀវភៅ “មាគ៌ាជីវិតនៃព្រះពោធិសត្វ”

Buddha Teen

១. ព្រះពោធិសត្វ និងពោធិចិត្ត

«ព្រះពោធិសត្វ» គឺជាបុគ្គលម្នាក់ដែលតាំងចិត្តប្រាថ្នាឲ្យបានត្រាស់ដឹងជា ព្រះពុទ្ធ ដោយការខិតខំព្យាយាមសាងបុណ្យបារមីយ៉ាងស្វិតស្វាញជាទីបំផុត ។ ពាក្យថា «ពោធិសត្វ» សំដៅយកបុគ្គល និងមហាសត្វទាំងឡាយដែលប្រកបដោយចិត្តបុណ្យដ៏ទូលំទូលាយ ព្រមទាំងមានបញ្ញាដ៏ជ្រាលជ្រៅ ។ «ពោធិ» ជាពាក្យបាលីមានន័យថា បញ្ញាជាគ្រឿងត្រាស់ដឹង ។ «សត្ត» ពាក្យបាលី ឬ «សត្វ» ពាក្យសំស្ក្រឹត មានន័យថា បុគ្គលដែលជាប់ជំពាក់ក្នុងអារម្មណ៍ ឬបំណងណាមួយ ។ ដូច្នេះពាក្យថា «ពោធិសត្វ» មានន័យថា «បុគ្គលដែលមានចិត្តជាប់ជំពាក់ក្នុងការត្រាស់ដឹង ឬជាបុគ្គលដែលសាងចិត្តដើម្បីត្រាស់ដឹង» ។

ក្នុងន័យនេះ គម្ពីរមហាវគ្គដីកា ទីឃនិកាយ សម្ដែងថា ៖

បញ្ញាណាចាក់ធ្លុះនូវធម៌ដែលគួរដឹងតាមសភាពពិត ហេតុនោះឈ្មោះថា «ពោធិ» ។ បុគ្គលនោះឯងឈ្មោះថា «ពោធិសត្វ» ព្រោះជាអ្នកអនុគ្រោះនូវសត្វ ។ ហេតុនោះ ទើបលោកហៅថា បណ្ឌិតសត្វ ពុជ្ឈនកសត្វ គឺជាអ្នកប្រកបដោយ «ពោធិចិត្ត» ។
 

តើអ្វីទៅដែលហៅថាពោធិចិត្ត ?

«ពោធិចិត្ត» មានន័យថា សន្ដានចិត្តនៃបុក្គលដែលមានករុណា និងឆន្ទះខ្ជាប់ខ្ជួនតែមួយគត់ ហើយធំជាងគេប្រចាំជិវិត គឺសេចក្ដីប្រាថ្នាឲ្យបានត្រាស់ជាព្រះសម្មាសម្ពុទ្ធ ឬព្រះពុទ្ធ ដើម្បីឲ្យបានរួចផុតចាកទុក្ខក្នុងសង្សារវដ្ដផង និងដើម្បីជួយសង្គ្រោះដល់សត្វលោកទាំងពួងឲ្យរួចផុតចាកទុក្ខផង ដែរ ។

តើបុគ្គលបែបណាទើបអាចសាងខ្លួនជាពោធិសត្វបាន ?

មនុស្ស សត្វ បុរស ស្ត្រីទូទៅក្នុងលោកសុទ្ធតែជាអ្នកមានភ័ព្វវាសនាសាងខ្លួនជា ពោធិសត្វបានដោយការកសាង ពុទ្ធការកធម៌ (ធម៌ធ្វើឲ្យបានត្រាស់ជាព្រះពុទ្ធ, ស្ត្រីក៏អាចប្រាថ្នាជាព្រះពោធិសត្វបានដែរ ប៉ុន្តែនិយតពោធិសត្វត្រូវស្ថិតនៅក្នុងភាពជាបុរស) ហើយអាចចាក់ធ្លុះសព្វញ្ញុតញ្ញាណជាព្រះពុទ្ធនាអនាកតកាលបានឲ្យតែ បុគ្គលនោះមានឆន្ទះ (បំណងឬការប៉ងប្រាថ្នា) យ៉ាងមុតមាំក្នុងគោលដៅជិវិត ។ ជនណាក៏ដោយក៏អាចប្រាថ្នា និងសាងខ្លួនជាពោធិសត្វបានដូចគ្នា ព្រោះមនុស្សម្នាក់ៗដែលកើតមកតែងតែមានសភាវៈពីរនៅក្នុងខ្លួន គឺសភាវៈល្អ និងសភាវៈអាក្រក់ ។ សភាវៈល្អនេះហើយដែលមានពូជធម្មជាតិរបស់ព្រះពុទ្ធ ហើយអាចរីកដុះដាលឲ្យមានបំណងដើម្បីបានត្រាស់ដឹងជា ព្រះពុទ្ធ ។ ក្នុងចំណុចនេះ ព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងថា ៖

ការត្រឡប់បានអត្តភាពជាមនុស្ស បានដោយកម្រ
ការរស់របស់សត្វទាំងឡាយ បានដោយកម្រ
ការស្ដាប់ធម៌របស់សប្បុរស បានដោយកម្រ
ការកើតឡើងនៃព្រះពុទ្ធទាំងឡាយ បានដោយកម្រ ។
 

ទោះបីមនុស្ស សត្វ បានជួបប្រទះនូវការក្រទាំងបួនប្រការនេះក្ដី ក៏ការបានចាប់កំណើតជាមនុស្សចាត់ទុកជាភ័ព្វវាសនាដ៏ខ្ពង់ខ្ពស់ ណាស់ព្រោះភពនៃមនុស្សយើងនេះជាកន្លែងនៃព្រះពុទ្ធគ្រប់ៗព្រះអង្គ បានឧប្បត្តិឡើងដើម្បីសាងបារមីឆ្ពោះទៅកាន់ «ពុទ្ធភូមិ» ។

ព្រះពោធិសត្វអាចមានច្រើនអង្គនៅក្នុងរយៈពេល ជាមួយគ្នា តែកម្រិតនៃការសាងបារមីខុសៗគ្នា ។ ដូច្នេះហើយបានជាពោធិសត្វទាំងអស់នោះ ពុំអាចត្រាស់ជាព្រះពុទ្ធក្នុងពេលដំណាលគ្នាឡើយ ។ ព្រះពោធិសត្វគ្រប់ៗជាតិតែងតែមានឆន្ទះយ៉ាងមាំមួនក្នុងពោធិចិត្ត គឺចិត្តដែលជាប់ជំពាក់ក្នុងការត្រាស់ដឹង (មានបំណងត្រាស់ដឹងជាព្រះពុទ្ធ) និងតែងតែអនុវត្តយ៉ាងហ្មត់ចត់ជាទីបំផុតគ្រប់ៗជាតិនូវសីលធម៌ និងក្រឹត្យវិន័យប្រចាំជីវិតដែលហៅថា «ពុទ្ធការកធម៌» ឬ ហៅថា «បារមីធម៌» ។

និយមន័យ «បារមី» គឺជាពាក្យបាលីមកពីពាក្យ «បារ» មានន័យថា ត្រើយម្ខាង ឬ ត្រើយម្ខាង និងពាក្យ «មី» មានន័យថា គុណជាតិដ៏ប្រសើរដែគួរបំពេញ ឬផ្លូវដ៏ខ្ពង់ខ្ពស់ដែលគួរដើរ ដូចក្នុងគម្ពីរនមក្ការដីកាខៃថា គុណជាតិដែលនាំឲ្យដល់ត្រើយនៃព្រះនិព្វាន ឬញ៉ាំងសត្វឲ្យបានដល់ត្រើយនៃព្រះនិព្វានឈ្មោះថា «បារមី» (និយមតាមស័ព្ទពាក្យថា «បារមី» មកពីពាក្យ «បរម» + «» = «បារមី») ។

ដូច្នេះ «បារមី» មានន័យថា គុណជាតិដ៏ប្រសើរដែលបុគ្គលត្រូវបំពេញ ឬជាគ្រឿងសម្រាប់ញ៉ាំងសត្វឲ្យដល់ត្រើយបរមសុខគឺ ព្រះនិព្វាន ។ តាមពាក្យសាមញ្ញ ការសាងបារមីគឺការអប់រំខ្លួនឲ្យបានបរិសុទ្ធទាំងផ្លូវ កាយ វាចា ចិត្ត សតិ និង បញ្ញា ដើម្បីធ្វើខ្លួនឲ្យមានគុណធម៌យ៉ាងល្អប្រសើរប្រចាំជីវិត ។

តើចាប់ពីពេលណាទៅដែលបុគ្គលអាចសន្មតខ្លួនថាជាព្រះពោធិសត្វបាន ?

គេអាចចាត់ទុកមនុស្សម្នាក់ ឬសត្វនាមួយជាព្រះពោធិសត្វបានគឺនៅពេលដែលសតិរបស់មនុស្សនោះ ឬសត្វនោះឈានទៅដល់កម្រិតមួយដ៏ខ្ពស់ដែលពុំអាចដកទឹកចិត្តចេញ ពីឆន្ទះពោធិចិត្តបាន គឺសេចក្ដីប្រាថ្នាតែមួយក្នុងបំណងត្រាស់ដឹងជា ព្រះសម្មាសម្ពុទ្ធ ។

ការសាងខ្លួនជាព្រះពោធិសត្វត្រូវឆ្លងកាត់បីដំណាក់កាលដ៏សំខាន់ៗដូចតទៅ ៖

ដំណាក់កាលទី១ បុគ្គលចិញ្ចឹមចិត្តឲ្យក្លាយជាពោធិចិត្តហើយ តែនៅពុំអាចហ្វឹកហ្វឺនចិត្តឲ្យជាព្រះពោធិសត្វបាន ហាក់ដូចជាបុគ្គលម្នាក់ព្យាយាមយកគ្រាប់ពូជល្ងមកផ្សាំក្នុងសួន តែពុំទាន់បានដុះជាដើមល្ង បុគ្គលនោះនៅតែខំព្យាយាមបន្តកប់គ្រាប់ល្ងនៅក្នុងសួននោះទៀត (អាចប្រៀបបាននឹងរយៈពេលដែលព្រះពោធិសត្វតាំងមនោបណិធាន) ។

ដំណាក់កាលទី២ ក្រោយពីការតាំង ចិត្តបានជាច្រើនម៉ឺនសែនជាតិហើយ សតិរបស់បុគ្គលនោះចាប់ផ្ដើមប្រារព្ធចិត្តជាព្រះពោធិសត្វ ហើយចិត្តរបស់បុគ្គលនោះតែងតែរិះគិតជានិច្ចចង់ត្រាស់ជាព្រះពុទ្ធ រហូតដល់មានកម្រិតខ្ពស់បំផុត ដោយដកចិត្តចេញវិញលែងបានដូចដើមល្ងមានពន្លកដុះចេញជាដើម ទង ស្លឹក ទន់ខ្ចី (អាចប្រៀបបាននឹងរយៈពេលដែលព្រះពោធិសត្វតាំងវចីបណិធាន) ។

ដំណាក់កាលទី៣ លុះបានប្រារព្ធចិត្តជាព្រះពោធិសត្វច្រើនកប្បហើយ បុគ្គលក៏ធ្វើសច្ចាប្រណិធានដោយប្ដេជ្ញាចំពោះព្រះភ័ក្ត្រនៃ ព្រះសម្មាសម្ពុទ្ធថា ៖

ដោយអំណាចបុញ្ញកម្មដែល ខ្ញុំព្រះអង្គបានបំពេញមានប្រមាណប៉ុណ្ណេះ សូមឲ្យខ្ញុំព្រះអង្គបានត្រាស់ជាព្រះពុទ្ធមួយអង្គក្នុង អនាគតកាល ។

ដំណាក់កាលទី៣នេះ ហាក់ដូចជាដើមល្ងរឹងមាំជារុក្ខជាតិ តែពុំទាន់មានផ្លែផ្កា (អាចប្រៀបបាននឹងរយៈពេលដែលព្រះពោធិសត្វបំពេញបារមីបន្តរហូតបាន ត្រាស់បន្ទាប់ពីបានទទួលការព្យាករពីព្រះសម្មាសម្ពុទ្ធរួច ហើយ) ។

កាលណាព្រះសម្មាសម្ពុទ្ធទ្រង់ព្យាករបុគ្គលណាមួយថានឹងបានត្រាស់ជាព្រះពុទ្ធ ពេលនោះហើយបុគ្គលនោះមានឈ្មោះថា «និយតពោធិសត្វ» (បុគ្គលទៀងនឹងបានត្រាស់ជាព្រះពុទ្ធ) ។ និយតពោធិសត្វគ្រប់ៗជាតិតែងតែធ្វើសច្ចាប្រណិធានដើម្បីនឹងបានត្រាស់ ជាព្រះពុទ្ធដោយព្យាយាមបំពេញពុទ្ធការកធម៌គឺ «ទសបារមី» ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: